ព័ត៌មានជាតិ

ឃាត់ខ្លួននារីរកស៊ីផ្លូវភេទម្នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ករណីប្រើអំពើហិង្សាវាយយកម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣ និង៥០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សាវាយយកម៉ូតូ នៅចំណុចផ្លូវ លេខ៩០ កែង៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖ ១-ឈ្មោះ ទូច វី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួលលេខ១០A ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២-ឈ្មោះ ពិសី ភេទស្រី អាយុប្រហែល ២៥ឆ្នាំ (គេចខ្លួន) ។ ៣-ឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន) ។

ចំណែកជនរងគ្រោះឈ្មោះ ឌី កែវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ សា្នក់នៅហាងលក់ស៊ុបខមហ្វត សង្កាត់ទួល ស្វាយព្រៃ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ -ម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ខៀវ (គ្មានស្លាកលេខ និងគ្មានលេខតួ+លេខម៉ាស៊ីន) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩មួយសន្លឹក, ប្រាក់រៀលចំនួន១២០០០០រៀល (ដប់ពីរម៉ឺនរៀល) ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣ និង៥០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក TODAY ពណ៌ខៀវ មកយកស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ពិសី នៅម្តុំវត្តភ្នំទៅដេកនៅផ្ទះសំណាក់យីហោ រស្មីផែថ្ម បន្ទប់១០២ ជាន់ទី២ ផ្លូវលេខ៨៤ ភូមិ១៤ សង្កាត់ស្រះចក ក្រោយពីរួមភេទរួច ជនរងគ្រោះដេកលង់លក់ ស្រាប់តែស្ត្រីឈ្មោះពិសី លួចយកទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួន ជនរងគ្រោះបានជិះម៉ូតូ TODAY ដើររកដល់ចំណុចផ្លូវលេខ៤៧ កែង៩០ ភូមិ១១ សង្កាត់ស្រះចក ក៏ជួបជនសង្ស័យឈ្មោះ ពិសី កំពុងកាន់ទូរស័ព្ទដៃរបស់ខ្លួន ហើយចុះពីលើម៉ូតូទៅដណ្តើម យកបានទូរស័ព្ទមកវិញ ភ្លាមនោះជនសង្ស័យឈ្មោះ ទូច វី បានវាយទៅលើជនរងគ្រោះ ចំផ្ទៃមុខចំនួនពីរបីដៃ និងបក្ខពួកឈ្មោះ ខ្មៅ បានទាញកាំបិតប៉័ងតោ ពីកាបូបស្ពាយគំរាមកាប់ ជនរងគ្រោះបានរត់ចេញពីម៉ូតូ ខណ:នោះជនសង្ស័យឈ្មោះ ពិសី បានយកម៉ូតូជនរងគ្រោះឌុបបក្ខពួកឈ្មោះ ខ្មៅ គេចខ្លួនបាត់ ស្របពេលនោះសមត្ថកិច្ចល្បាត ក្នុងមូលដ្ឋានទៅដល់អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទូច វី នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ទូច វី បានសារភាពថាខ្លួន និងបក្ខពួកបានធ្វើសកម្មភាព វាយជនរងគ្រោះយក ម៉ូតូប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕

មតិយោបល់