ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះហាងលក់ម៉ូតូមួយកន្លែង នៅខេត្តកំពត បណ្តាលឲ្យ ឆេះរថយន្ត ២គ្រឿង និងម៉ូតូ ៥៧ គ្រឿង

កំពត៖ រថយន្ត និងម៉ូតូ រាប់សិបគ្រឿង ត្រូវបានរងការខូចខាតដោយសារអគ្គិភ័យឆាបឆេះនៅហាងលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខែត្តកំពត កាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ យោងតាមការសន្និដ្ឋានបឋមគឺ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅហាងលក់ម៉ូតូឈ្មោះហុងដា លី ប៉េង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយក្រុងកំពត នៅបណ្តោយផ្លូវជាតិលេខ៣ ក្បែរផ្សារសាមគ្គី ខេត្តកំពត។ ក្រោយមានការអន្តរាគមន៍ពន្លត់ដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ដែលចុះដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ភ្លើងបានរលត់ទៅវិញនៅម៉ោងជិត ៨ព្រឹកថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងប្រើទឹកអស់ចំនួន ៦ស៊ីទែន។ តាមការសន្និដ្ឋានបឋម ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។

ក្នុងករណីនេះ មិនបាបបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬរងរបួសនោះទេ តែបានបណ្តាលឱ្យខូចខាតម៉ូតូកំពុងដាក់តាំងលក់ចំនួន ៥៧គ្រឿង រថយន្តចំនួន ២គ្រឿង ដែលមានរថយន្តលុចស៊ីស ៥៧០មួយគ្រឿង និងរថយន្តម៉ាកហុងដា CRV ផលិតឆ្នាំ២០១៨មួយគ្រឿង។ ក្រោយភ្លើងរលត់ភ្លាមៗ សមត្ថកិច្ចមិនទាន់ទទួលបានរបាយការណ៍ពីទំហំនៃការខាតបង់នៅឡើយទេ៕

មតិយោបល់