ព័ត៌មានជាតិ

រថយន្តបែនដឹកដីបើកបោះពួយ បុកគូទហ៊ីយ៉ាន់ដាយដឹកទំនិញ សងថ្លៃជួសជុល៥០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តដឹកទំនិញប្រភេទយីឌុប មួយគ្រឿង ពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទេចមុខខ្លូនឯង ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតកាលពីវេលាម៉ោង០៧និង១៥នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ មុខរណ្តៅដីលោកឧកញ៉ាញឹកផន ហៅតាកៅ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ គ្រោះថ្នាក់នេះពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

រថយន្តដែលបង្កគ្រោះថ្នាក់ ប្រភេទបែនដឹកដីម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ៣A-០៦១៨ បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ បានរងការខូចខាតខ្ទេចមុខធ្ងន់ធ្ងរ ។ ចំណែករថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ ៣A-២៦០៦ ជារថយន្តរបស់កងដឹកជញ្ជូន L.M.H បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ ។

តាមប្រភព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញ បានធ្វើដំណើរ តាមមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំណុចកើតហេតុ ក៏បានបង្អង់ល្បឿន ដើម្បីឱ្យរថយន្ត ដឹកដីឆ្លងកាត់ ខណ:នោះស្រាប់តែរថយន្តដឹកដី មួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យរងការខូចខាត ផ្នែកខាងក្រោយ ឯរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុ នគរបាលបានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងនគរបាលចរាចរណ៍ ខណ្ឌចុះទៅវាស់វែង យកថយន្តអែបកៀន រួចភាគីរថយន្តដឹកដីចេញថ្លៃជួសជុល ការខូចខាតចំនួន៥០ដុល្លារបញ្ចប់រឿង ៕

មតិយោបល់