ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយមួយគ្រឿងបើកវ៉ាជែងខាងស្តាំ បណ្តាលឲ្យកៀរគាបជាប់រថយន្តដឹកស្រាបៀរ

ភ្នំពេញ: រថយន្តបែនដឹកដី មួយគ្រឿង បានបើកវ៉ាជែងស្តាំ មិនប្រុងប្រយ័ត្ន ទៅកៀរគាបជាប់រថយន្តដឹកស្រាបៀរ មួយគ្រឿង ខូចដែលកំពុងឈប់ចតចោល នៅចិញ្ចើមផ្លូវទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតកាលពីវេលាម៉ោង០៧និង៣៥នាទីព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុច ខាងលិចស្តុប តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ កែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិព្រែករាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តដឹកដីដែលបង្កគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីហនុ ៣A.៣០៥៥ អ្នកបើកបរ បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តដឹកស្រាបៀរប្រភេទយីឌុបម៉ាក នីស្សាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៤០២២ និងកន្ទុយសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ ៤A-៥០២២ ជារថយន្តក្រុមហ៊ុនកងដឹកជញ្ជូន L.M.H ។

តាមព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត ដឹកភេសជ្ជ:បានធ្វើដំណើរតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត និងបានឈប់ជួសជុលរថយន្ត នៅខាងលិច ស្តុបប្រមាណជាង៥០ម៉ែត្រ ។ ខណ:នោះរថយន្ត ដឹកដីមួយគ្រឿងខាងលើ បានធ្វើដំណើរស្របទិសគ្នា បានបើកវ៉ាជែងស្តាំ រថយន្តដឹកតូច មួយគ្រឿង ជាហេតុធ្វើឱ្យរថយន្តដឹកដីបង្កជ្រុលទៅកៀរគាបជាមួយរថយន្ត ដឹកស្រាបៀរជាប់ទៅមុខ លែងរួចហើយ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ នៅក្នុងគ្រោះថ្នាក់នោះ បណ្តាលឱ្យស្រាបៀរបានបែកធ្លាយ រងការខូចខាតផងដែរ ។ បន្ទាប់ពីគ្រោះថ្នាក់តំណាងភាគីខាងរថយន្តដឹកដី ក៏បានមកសម្របសម្រួល ដើម្បីដោះស្រាយសងការខូចខាត ៕

មតិយោបល់