ព័ត៌មានជាតិ

ប៉េអឹមខេត្តស្ទឹងត្រែងឃាត់ខ្លួនបុរសម្នាក់ ដកហូតគ្រឿងញៀនជិត១គីឡូក្រាម (មានវិដេអូ)

ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុត្ថខេត្ត បានបើកយុទ្ធនាការបង្ក្រាបករណីគ្រឿងញៀន ដែលតែងតែហូរចូលក្នុងខេត្តជាញឹកញាប់ រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ និងដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ ទម្ងន់ប្រមាណជិត១គីឡូក្រាម។

ករណីនេះបានធ្វើកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះ ត្រង់ចំណុចលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យ គឺជាមុខសញ្ញាដែលអាវុធហត្ថតាមប្រមាញ ហើយមុននឹងឈានដល់ការឃាត់ជនសង្ស័យខាងលើនេះ អាវុធហត្ថបានដាក់កម្លាំងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ រយៈពេលជាច្រើនថ្ងៃ និងដោយប្រើវិធានការញុះញង់ឲ្យមានការលក់ និងមានការទិញ ព្រមទាំងមានការសម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបយើងអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួន ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាព។

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនឈ្មោះ លី សេត អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយទាហានវរៈលេខ៣៩៤ កងពលលេខ៩ ខេត្តព្រះវិហារ មានទីលំនៅភូមិសែនរុងរឿង ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងរួមមានៈ គ្រឿងញៀនមួយកញ្ចប់ធំ មានទម្ងន់ប្រមាណជា១គីឡូក្រាម និងម៉ូតូហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាខលេខ ព្រះវិហារ 1B-1515 ស៊េរីឆ្នាំ២០១២ មួយគ្រឿង ព្រមទាំងជ្រក់ត្រពាំងចំនួន៥កញ្ចប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានអាវុធហត្ថនាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ដើម្បីធ្វើការសួរបន្ថែម ព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការបន្ត៕

https://youtu.be/8kHHpmVAuhk

photo_2016-08-19_16-52-39photo_2016-08-19_16-52-40photo_2016-08-19_16-52-41 (2)photo_2016-08-19_16-52-41photo_2016-08-19_16-52-42photo_2016-08-19_16-52-43photo_2016-08-19_16-52-44photo_2016-08-19_16-52-45 (2)photo_2016-08-19_16-52-45photo_2016-08-19_16-52-46photo_2016-08-19_16-52-47

មតិយោបល់