ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿន ជ្រុលបុកគូទរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យដួលបោកក្បាលស្លាប់

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ រីឯរថយន្តបើកគេចខ្លួនទៅមុខបាត់ស្រមោល ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេងទល់មុខផែស្ងួតសូងួន ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ អាន ចម្រើន ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ C១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ 4527 ជិះធ្វើដំណើរ តាមបណ្តោយផ្លូវវ៉េងស្រេងក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគូទ រថយន្តមួយគ្រឿងមិនចាំម៉ាក ដំណើរស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តនោះបានបើកបន្តដំណើរទៅមុខទៀតយ៉ាងលឿន ចេញពីកន្លែងកើតហេតុដើម្បីគេចខ្លួន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់ពិនិត្យនិងវាស់វែងយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិ ការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកសាកសពនៃជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យ ទៅខាងរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តមួយកន្លែង ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់