ភ្នំពេញៈ កាលពីវេលាម៉ោង ១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បុរសពីរនាក់ជិះម៉ូតូចេញពីញ៉ាំអីនៅហាងមួយកន្លែង ត្រូវក្រុមក្មេងស្ទាវមួយក្រុមជិះដេញតាមវាយ និងកាប់បំណងយកស្លាកលេខម៉ូតូតែមិនបានសម្រេច ក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលត្រង់ចំណុចខាងជើងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំង ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-5820 ចេញពីហូបអីនៅក្នុងហាងមួយកន្លែង បំណងត្រឡប់ទៅផ្ទះវិញ នៅចោមចៅ ខណៈកំពុងធ្វើដំណើរឌុបគ្នាពីជើងទៅត្បូងតាមបណ្ដោយផ្លូវហាណូយ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូមិនចាំម៉ាកជាច្រើនគ្រឿង តាមពីក្រោយក្នុងដៃកាន់កាំបិតប៉័ងតោ និងដុំថ្ម រួចធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូពួកគាត់ បណ្ដាលឲ្យដួល ធ្វើឲ្យពួកគាត់ភ័យងើបរត់យករស់រួចតែជីវិត បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ហើយក្រុមក្មេងស្ទាវនោះ ឈប់ម៉ូតូរួចចុះមកធ្វើការកាប់កម្ទេច យកស្លាកលេខ ប៉ុន្តែយកមិនបានក៏ដកយកតែសោម៉ូតូ ហើយនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះមកអន្តរាគមន៍ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់យកក្រុមក្មេងស្ទាវទាំងនោះ យកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់