ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង៥៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បើកឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០២នាក់ បានស្លាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤០-១៤១ ស្ថិតនៅភូមិ ខ្សាច់ល្អិត ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ដ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-8088 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹង ជាមួយម៉ូតូបើកឆ្លងថ្នល់០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-3671 បើកបរដោយបុរសឈ្មោះ ឆូយ ពន្លឺ អាយុ២៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ ខ្សាច់ល្អិត ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់នឹងកន្លែង) និងអ្នករួមដំណើរឈ្មោះ ម៉េន រស្មី អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (ស្លាប់នឹងកន្លែង) បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ ចំពោះអ្នកបើកបរបង្កហេតុវិញ បានរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរស្ដីទី បានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន ។
យោងតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០០និង០៩នាទី បានបញ្ជាតាមទូរស័ព្ទឲ្យប្រគល់សាកសព ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី ៕
មតិយោបល់