(បរទេស)៖ ប្រិយមិត្តអ្នកតាមដាន ពិតជាបានជ្រាប់ច្បាស់ហើយថា បវរកញ្ញាតំណាងប្រទេសឥណ្ឌា កញ្ញា Harnaaz Sandhu ក្លាយជាម្ចាស់មកុដក្នុងកម្មវិធី «Miss Unverse» លើកទី៧០ នៅប្រទេសអ៉ីស្រាអែល។ យ៉ាងណាមិញ ដំណឹង សូមនាំអារម្មណ៍ប្រិយមិត្តមកទទួលជ្រាប់ ពីចម្លើយសំខាន់មួយ ដែលកញ្ញា Harnaaz Sandhu បានឆ្លើយប្រកបដោយភាពជឿជាក់ លើឆាកអន្តរជាតិមួយនេះ។
នៅពេលដែលពិធីករ លោកSt បានសួរសំនួរទៅកាន់រូបនាងនៅវគ្គផ្តាច់ព្រ័ត្រ ដោយលោកបានចោទសួរថា៖ តើ អ្នក នឹង ផ្តល់ ដំបូន្មាន អ្វី ដល់ នារី វ័យ ក្មេង ដែលកំពុងតែ ទស្សនា ពី វិធី ដោះស្រាយ សម្ពាធ នៅចំពោះមុខ ក្នុងថ្ងៃនេះ?
ភ្លាមៗនោះ បវរកញ្ញាឥណ្ឌាប្រកបដោយទឹកមុខពោរពេញដោយទំនុកចិត្ត ឈរកាន់ក្បាលមេក្រូ ឆ្លើយតបនឹងសំនួរនេះយ៉ាងដូច្នេះថា «សូមឈប់ប្រៀបធៀបខ្លួនអ្នកទៅជាមួយអ្នកដទៃដែលនាំឱ្យអ្នកកាន់តែបាក់ទឹកចិត្ត ប៉ុន្តែប្រការដ៏សំខាន់សូមបង្កើនការគិតឱ្យបានទូលំទូលាយ ប្រកបដោយភាពវិជ្ជមាន ដើម្បីអាចមានលទ្ធភាពចូលរួមគិត និងចាប់ផ្តើមធ្វើរឿងសំខាន់ៗជាច្រើន ដែលមាននៅក្នុងពិភពលោក។ ចុងក្រោយខ្ញុំចង់បញ្ជាក់ថា ដោយសារតែខ្ញុំមានភាពជឿជាក់លើខ្លួនឯង ហើយបានជម្នះលើសម្ពាធដែលខ្ញុំបានរៀបរាប់ខាងលើនេះ ទើបខ្ញុំមានឱកាសដ៏អស្ចារ្យដូចថ្ងៃនេះ និងមានវត្តមាននៅក្នុងវេទិកាលំដាប់ពិភពលោកមួយនេះ…»។
សូមរំលឹកផងដែលថា បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ នាង Harnaaz Sandhu បានក្លាយទៅជាបវរកញ្ញាឥណ្ឌាទីបី នៅក្នុងប្រវត្តិសាស្រ្តនៃការគ្រងមកុដជាបវរកញ្ញាឯកចក្រវាល ដែលនេះបានបង្ហាញពីភាពខ្លាំង និងសម្រស់ដ៏ស្រស់ស្អាតរបស់ជនជាតិឥណ្ឌា៕
មតិយោបល់