ព្រះសីហនុៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២៦ ក្នុងខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកំពត ខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង ។
មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៧០ ស្ថិតក្នុងខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកំពត ខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងគោលបំណង ទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្ម ដែលមិនសុចរិត និងដើម្បីការពារប្រយោជន៍ជូនអ្នកប្រើប្រាស់ ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២៦ មិនអនុលោម ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូ ឱ្យប្រកបអាជីវកម្មរបស់ខ្លួន ដោយគោរពទៅតាមច្បាប់ជាធរមាន ៕
មតិយោបល់