ព័ត៌មានជាតិ

រថយន្តដឹកដែកបត់ឆ្លងផ្លូវ ត្រូវឡានលាយបេតុងបុកពេញទំហឹង បណ្តាលឲ្យធ្លាយប្រេងពេញផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តស្ទូចដឹកដែក ខណ:ដែលកំពុងបត់ឆ្លងផ្លូវ ត្រូវរថយន្តលាយបេតុង មកពីក្រោយបុកពេញទំហឹង ចំពាក់កណ្តាលរថយន្ត និងចំធុងប្រេងបណ្តាលឲ្យធ្លាយកំពប់ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តស្ទូច ដឹកដែកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-8663 ដែលធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូងរហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយ ស្របពេលនោះមានរថយន្តលាយបេតុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1259 ធ្វើដំណើរស្របទិសមកពីក្រោយ សង្ស័យហ្រ្វាំងមិនស៊ីទើបបណ្តាលឲ្យបុកពេញទំហឹង ចំពាក់កណ្តាលរថយន្ត និងចំធុងប្រេងបណ្តាលឲ្យធ្លាយហូរ ស្រោចលើផ្លូវតែម្តង និងខូចខាតរថយន្តខ្លួនឯងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់ខាង និងឲ្យភាគីទាំងធ្វើការ ដោះស្រាយគ្នាមួយជំហានសិន ៕

មតិយោបល់