កណ្ដាលៈ ជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន២៣កញ្ចប់ ត្រូវសមត្ថកិច្ចស្រុកពញាឮធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យ ភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នុត សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុ (ជាមុខសញ្ញាសកម្មជួញដូរក្នុងមូលដ្ឋានផងដែរ)។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកIce) ចំនួន២២កញ្ចប់ ១៥តូច មធ្យម១កញ្ចប់ និង១កញ្ចាប់ធំ ទូរសព្ទដៃ៤គ្រឿង ជញ្ជីងសម្រាប់ថ្លឹង១ កាបូប១ លុយ៣០ម៉ឺនរៀល ដាវ១កាំបិតផ្គាក់១ និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុកម្លាំងជំនាញបានទទួលព័ត៌មានថា ជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចកើតហេតុ បន្ទាប់មកកម្លាំងជំនាញយុត្តិធម៌បានសហការជាមួយកម្លាំងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួន និងឆែកឆេរផ្ទះជនសង្ស័យរកឃើញវត្ថុតាងដូចខាងលើ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕




មតិយោបល់