ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ករណីលួចយកទូរស័ព្ទដៃចំនួន ២គ្រឿង

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី ត្រង់ចំនុចភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវ ជ្រាវក្នុងករណីលួចយកទូរស័ព្ទដៃរបស់អ្នកដទៃនៅក្នុងមូលដ្ឋាន។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង័្សយមានឈ្មោះ ឡាយ សារ័ត្នហៅ គង់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលក្នុងនោះសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃចំនួន ០២គ្រឿងដែលជាវត្ថុតាងក្នុងករណីនេះផងដែរ។ សូមជម្រាបជូន ថាមូលហេតុដែលនាំទៅដល់ការឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺនៅថ្ងៃកើតហេតុទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦និង១០នាទីព្រឹក ជនសង័្សយបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃចំនួន ០២គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ ង៉ែត ណាស៊ី ភេទស្រី អាយុ ៣៤ឆ្នាំ ឆ្នាំមុខរបរ នៅផ្ទះ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងខណៈជនរងគ្រោះទុកទូរស័ព្ទនៅរោងចិញ្ចឹមសត្វរបស់ខ្លួនស្ថិតនៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយនៅពេលដែលដឹងថាបាត់ទូរស័ព្ទជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយឆ្លងតាមរយៈពាក្យប្តឹងនេះសមត្ថកិច្ចនរបាលផ្តើមស៊ើបអង្កេតនិងឈានដល់ការកំណត់មុខសញ្ញា ហើយឃាត់ខ្លួនដកហូតទូរស័ព្ទបានមកវិញ។

នៅពេលនេះ ជនសង័្សយត្រូវបានសមត្ថកិច្ចនគរបាលស្រុក រៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋានក្រោយពេល ដែលរូបគេបានសារភាពទទួលស្គាល់នូវសកម្មភាពល្មើសរបស់ខ្លួនរួចមក រីឯទូរស័ព្ទទាំង ០២គ្រឿងបានប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់