ភ្នំពេញៈ នៅវេលាម៉ោង០២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់ កំពុងតែដេកលង់លក់ទាំងអស់គ្នាជាមួយប្រពន្ធនៅក្នុងបន្ទប់ ស្រាប់តែមានអាការមិនស្រួលខ្លួន បន្ទាប់មកក៏ដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋាន ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ផ្ទាល់នៅកន្លែងទីតាំងកើតហេតុ ហើយបានធ្វើបទសម្ភាសន៍មួយ ជាមួយនឹងប្រពន្ធជនរងគ្រោះ ដោយបាននិយាយរៀបរាប់ទាំងស្រក់ទឹកភ្នែកប្រាប់ឲ្យដឹង ដូច្នេះថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់នេះ បានហូបបាយពេលល្ងាចជុំគ្នា បន្ទាប់ពីហូបបាយរួចរាល់ ហើយក៏បានរៀបចំបិទភ្លើង ចូលដំណេកដេកលង់លក់ នៅក្នុងបន្ទប់ជួលទាំងអស់គ្នាន ។ លុះមកដល់វេលាម៉ោងកើតហេតុ ប្រពន្ធភា្ញក់ដឹងខ្លួនឮប្តីដេកស្រមុកខ្លាំងពេក ហើយក៏មានការសង្ស័យ បានឡើងបើកភ្លើងមើល ស្រាប់តែពេលនោះឃើញប្តី របស់គាត់មានអាការពិបាកនឹងដកដង្ហើម ហើយបានប្រកាច់ខ្វេរខ្វង់ ។ ប្រពន្ធឃើញដូច្នេះ បានតេឲ្យអ្នកជិតខាងមកជួយ ហើយក៏បានហៅរថយន្តពេទ្យមកដឹកដើម្បីជួយសង្រ្គោះ ។ ប៉ុន្តែជាអកុសលបុរសខាងលើនោះបានដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ ។
យោងតាមប្រភពព័ត៌មាន ពីបុរសម្នាក់ដែលរស់នៅក្បែរគ្នា បានឲ្យដឹងថា ជនរងគ្រោះខាងលើនោះ ជាកម្មកររោងចក្រកាត់ ដេរដែលទើបនឹងចូលមកធ្វើការងារបានរយៈពេលចំនួន១៥ថ្ងៃតែប៉ុណ្ណោះ ។ ជនរងគ្រោះមានឈ្មោះ រាជ អាយុ២១ ឆ្នាំ រស់ នៅភូមិទួលសង្កែបណ្តោយ ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយមានប្រពន្ធនិងមានកូនមួយនៅក្នុងបន្ទុក ។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានគេដឹកតាមរថយន្តមួយគ្រឿង ចេញពីកន្លែងកើតហេតុ ដោយមិនដឹង ថាដឹកយកទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើកោសល្យវិច្ច័យ ឬមួយក៏ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យនោះទេ ។ដូច្នេះក្រុម ការងារយើងខ្ញុំ មិនទាន់មានប្រភពច្បាស់លាស់ណាមួយ បញ្ជាក់ប្រាប់ឲ្យដឹងពិតប្រាកដនូវឡើយ ហើយនេះគ្រាន់តែជាព័ត៌ មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់