ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ម៉ូតូចំនួន០៩គ្រឿង និងឧបករណ៍សម្ភារៈមួយចំនួនទៀត យកធ្វើការផាកពិន័យតាមច្បាប់ ខណៈអ្នកបើកបរម៉ូតូទាំងនេះបើកបញ្ច្រាសទិស និងដាក់តាំងឧបករណ៍សម្ភារៈរំលោភលើចំណីផ្លូវ បង្កប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍ នៅគ្រាដែលកម្លាំងនគរបាលសណ្តាប់ធ្នាប់បន្តចុះពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១ ចាប់ពីខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រហូតដល់ខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។
ការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវ២៧១ នៅក្នុងខណ្ឌមានជ័យ ពីសំណាក់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានធ្វើឡើងជាបន្តបន្ទាប់ចំនួន០៥លើកមកហើយនៅក្នុងអំឡុងខែធ្នូនេះ ដោយបានឃាត់ម៉ូតូបើកបរបញ្ច្រាសទិសសរុប៤៥គ្រឿង និងរ៉ឺម៉កម៉ូតូ រួមនឹងឧបករណ៍សម្ភារៈមួយចំនួនទៀត យកមកផាកពិន័យតាមច្បាប់រួចហើយផងដែរ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ការចុះត្រួតពិនិត្យពង្រឹងអនុវត្តការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍នៅលើកំណាត់ផ្លូវ២៧១ គឺកម្លាំងនគរបាលសណ្តាប់ធ្នាប់ បានចុះអនុវត្តជាប្រចាំ ធ្វើយ៉ាងណាដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ នៅគោលដៅនេះឱ្យបានល្អ និងមានប្រសិទ្ធភាព ពីព្រោះថានៅគោលដៅខាងលើ សមត្ថកិច្ចពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋ និងអាជីវករមួយចំនួនតូច នៅតែបំពានល្មើសទៅនឹងការហាមឃាត់របស់សមត្ថកិច្ច ។
លោកនាយការិយាល័យបានលើកឡើងទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១ ក្នុងខណ្ឌមានជ័យនេះ ក្នុងរយៈពេល០៥លើកមកនេះ មានការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍បានប្រសើរជាងមុន ហើយប្រជាពលរដ្ឋដែលបានធ្វើដំណើរលើកកំណាត់ផ្លូវ២៧១ ដែលធ្លាប់ត្អូញត្អែរពីការកកស្ទះចរាចរណ៍កន្លងមក ក៏លើកឡើងនូវអារម្មណ៍សប្បាយរីករាយ និងគាំទ្រសមត្ថកិច្ចទៅលើការចុះពង្រឹងរៀបចំសណ្តាប់នេះ ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ បានលើកឡើងទៀតថា កម្លាំងសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់នេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយមានប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហាកកស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវ២៧១ នៅគោលដៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងខាងមុខខ្លោងទ្វារវត្តសំន្សំកុសល ខណ្ឌមានជ័យ ដែលអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនសូវបានយកចិត្តទុកដាក់ទៅលើការងាររៀបចំសណ្តាប់ធ្នាប់ ដោយការកកស្ទះបង្កពីបងប្អូនអាជីវករបានធ្វើអាជីវកម្មរំលោភលើចំណីផ្លូវ បណ្តាលឱ្យផ្លូវតូចចង្អៀត ។ មួយវិញទៀតបង្កដោយប្រជាពលរដ្ឋបើកបរបត់បញ្ច្រាសទិស ខណៈដែលគោលដៅនេះមានការមមាញឹកក្នុងការធ្វើចរាចរណ៍ពីសំណាក់ប្រជាពលរដ្ឋនោះ ៕










មតិយោបល់