ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ សហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ រួមជាមួយរថយន្តចល័ត ផ្នែកម្ហូបអាហារ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក និងទប់ស្កាត់នូវទំនិញម្ហូបអាហារ ដែលផ្ទុកនូវសារធាតុគិមីហាមឃាត់ណាមួយ ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ លើសពីនោះទៅទៀត មន្រ្តីជំនាញក៏បានធ្វើការផ្សព្វផ្សាយ ដល់អាជីវករលក់គ្រឿងសំណង់អំពីផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសផងដែរ ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញដែលមិនមានភាពអនុលោមចំនួន ១០៩.៥គីឡូក្រាមមករក្សាទុក ដើម្បីចាត់ចែងតាមនីតិវិធី។
នៅថ្ងៃដដែលនោះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦,៤០៥គីឡូក្រាមដែលដកហូតបាននៅលើទីផ្សារកន្លងមក ៕
មតិយោបល់