ព័ត៌មានជាតិ

យុវជនម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករួចបើកគេចបាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចរោងដំរី ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ (ឡើងតែមឆ្នាំ២០២១) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធឿន ទេព ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិទួលធ្មារ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) បើកបរក្នុងទិសដៅច្រាសគ្នា។ ចំពោះអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពបឹងបត់កណ្ដោល រីឯអ្នកបើបររថយន្តបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន។ ចំពោះម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្ដិ៍បឹងបត់កណ្ដោល រង់ចាំការដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់