ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បំបែកសំណុំរឿងឃាតកម្ម ប្តីសម្លាប់ប្រពន្ធ នៅខេត្តក្រចេះ

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុក ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានចុះបំបែកលើសំណុំរឿង អំពើឃាតកម្មមួយដែលបានកើតឡើង នៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ក្រោយចុះស្រាវជ្រាវបានរយ:ពេលមួយថ្ងៃ ។

ករណីខាងលើនោះនគរបាលជំនាញព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកក្កដា បានសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យ ដៃដល់ម្នាក់ជាប្តីឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ ។

បើតាមចម្លើយសារភាព របស់ជនសង្ស័យបានឆ្លើយថា កាលយប់ថ្ងៃកើតហេតុទី២៦ ខែកក្កដា រូបគេបានធ្វើសកម្មភាព យកពូថៅកាប់ទៅលើស្រ្តីរងគ្រោះ ជាប្រពន្ធឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ ចំកញ្ចឹងកខាងឆ្វេង បណ្តាលឲ្យដួលផ្កាប់មុខ ក្នុងភ្នក់ភ្លើងស្លាប់ នៅនឹងកន្លែងនៅមុខខ្ទមស្រែ ។ ដោយសារតែខឹងនិងស្រ្តីរងគ្រោះ មិនឲ្យរូបគេដឹកស្រូវយកទៅឲ្យផ្ទះប្រពន្ធចុង ។

ជនសង្ស័យខាងលើនោះ​ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់