ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចនគរបាលពីរខេត្តរួមគ្នា បង្រ្កាបមុខសញ្ញាជនសង្ស័យ០២នាក់ ករណីលួចកាច់សោយកម៉ូតូ

បាត់ដំបងៈ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០ នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ អណ្តូងត្រាច ឃុំ កំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបបានសហការជាមួយកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំ ដោយលោកវរសេនីយ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យ និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកសង្កែ ដែលមានលោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការចុះប្រតិបត្តិការ បង្ក្រាបករណីលួចមាន ស្ថានទម្ងន់ទោស ( កាច់សោយកម៉ូតូ ) ចំនួន០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី សុខឡេង (ហៅ ពៅ ផល្លា ហៅម៉ាប់ ) ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ ( ជាអ្នកធ្វើសកម្មភាព ) មកកាន់ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅព្រឹកថ្ងៃកើតហេតុ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ អណ្តូងត្រាច ឃុំ កំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមនឹងបក្ខពួក បានធ្វើសកម្មភាពកាច់សោយក ម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ លេខតួ-ម៉ាស៊ីន ៥៩០៨៥០៩ ពាក់ស្លាកលេខ បាត់ដំបង 1AM-8879 ដែលជារបស់ជនរងគ្រោះឈ្មោះ វ៉ាត់ មុំ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អណ្តូង ត្រាច ឃុំ កំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ផ្តើមពីសកម្មភាពនេះ និងទទួលបាននូវព័ត៌មានពីជនរងគ្រោះទើប សមត្ថកិច្ចឈានទៅដល់ការបង្រ្កាប និងឃាត់ខ្លួនបានមុខសញ្ញាម្នាក់ រីឯបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន ។

ឆ្លងតាមរយៈការស្រាវជ្រាវពីជនសង័្សយរូបនេះ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង១២ នាទីនៅចំ ណុចភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ សមត្ថកិច្ច នគរបាលខេត្តបាត់ដំបង បានសហការ ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុក តាលោសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុល ហៃ ជា អធិការបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ប៉ាល់ ស៊ីនឿន (ហៅគឿតព្រីង ហៅស្វិត ) ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នកសមគំនិត ) ជាមួយជនសង័្សយខាងលើមក កាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ – រថយន្ត០១ គ្រឿងម៉ាក TOYOTA Land Cru iser ពណ៌ស ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8668 ។ – ម៉ូតូ ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ បិតតែម ស៊េរីឆ្នាំ២០២០ លេខ តួ -ម៉ាស៊ីន ៩៧៦០១០២ ពាក់ស្លាកលេខ ភ្នំពេញ 1FO-19 11 (ជាមធ្យោបាយ ជិះធ្វើ សកម្មភាព ) ។ -ម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ បិតតែម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពត 1M-5905 មួយ គ្រឿង ។ -ដង្កាប់ មានដង ពណ៌ លឿង ចំនួន០១ ។ -កូនសោរ សម្រាប់ ដោះ គ្រឿង ម៉ូតូចំនួន០២ ។ – តួណឺវីសមានដង ពណ៌ខ្មៅ ចំនួន០១ ដើម ។ -កូន សោមាន រាង អក្សរ អិល ( L ) ០១ ដើម ។ -ដែក ពណ៌ស មានរាង៦ ជ្រុង សំលៀង មុខ រាង សំប៉ែត ចុងស្រួច សម្រាប់កាច់សោ ម៉ូតូ មានប្រវែង៨០ សង់ទីម៉ែត្រ ចំនួន០៣ ។- ទូរស័ព្ទដៃសេរីចាស់០១គ្រឿង ។-ស្រោមដៃចំនួន០១គូ ។ -កន្ត្រក ម៉ូតូចំនួន០៣ ។

បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងធ្វើការកសាសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាម នីតិវិធីច្បាប់ ៕

មតិយោបល់