ព័ត៌មានជាតិ

រថយន្តតូយ៉ូតាមួយគ្រឿង បើកលឿនជ្រុលបុកកាម៉ារីហាយប្រ៊ីត បណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត តូយ៉ូតាហាយឡាក់រីវ៉ូ មួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលបុករថយន្តកាម៉ារីហាយប្រ៊ីត មួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវបែកជាបួនពេញទំហឹង បណ្តាលឲ្យខ្ទាតឡើងលើខឿន រងការខូចខាតទាំងសងខាង ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើកបររថយន្ត មួយគ្រឿង ម៉ាកកាម៉ារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-7217 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៧ ទិសដៅពីត្បូងទៅជើង ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវលេខ១៩៨០ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាក តូយ៉ូតាហាយឡាក់រីវ៉ូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO -7727 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យរថយន្ត ទាំងពីរគ្រឿងខាងលើ ខ្ទាតឡើងលើខឿនផ្លូវ រងការខូចខាតយ៉ាងដំណំ និងរងរបួសបុរសវ័យចំណាស់ម្នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកឯរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចជំនាញវាស់វែងរួច ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ ៕

មតិយោបល់