ព័ត៌មានជាតិ

RANGE ROVER មួយគ្រឿង មិនដឹងបុកជ្រុះកង់ពីណាមក ជ្រុលទៅបុករថយន្តព្រូស

ភ្នំពេញ: នៅវេលាម៉ោង០៥ និង០០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង មានរថយន្តមួយគ្រឿងម៉ាក RANGE ROVER មិនដឹងជាបើកបរបង្កហេតុ មកពីទីកន្លែងណានោះទេ ហើយមកជ្រុល បុករថយន្តមួយគ្រឿងម៉ាកព្រូស ដែលចតទុកនៅមុខផ្ទះលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតខ្ទេចផ្នែកខាងមុខ និងផ្ទុះកង់មួយចំហៀង ស្ថិតត្រង់ចំណុចម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RANGE ROVER មិនដឹង បើកបរប៉ះទង្គិចពីទីកន្លែងណានោះទេ ហើយបានបើកគេចខ្លួនជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកព្រូស ដែលចតទុកនៅមុខ ផ្ទះលើចិញ្ចើមផ្លូវ បណ្តាលឲ្យខ្ទេចមួយចំហៀងផ្នែកខាងមុខ និងផ្ទុះកង់រងការខូចខាតយ៉ាងដំណំ ។

សភាពរថយន្តបង្កហេតុខាងលើនោះ ក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ គឺរថយន្តនេះមានការដាច់បាត់កង់មួយចំហៀង មិនដឹងជាជ្រុះធ្លាក់នៅទីកន្លែងណានោះទេ ដោយគេសង្ស័យថារថយន្តនេះ បានបុកនៅទីកន្លែងផ្សេង ហើយបានបើករត់គេចខ្លួនក៏ជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀត ដែលចតទុកយ៉ាងស្ងៀមនៅមុខផ្ទះលើចិញ្ចើមផ្លូវ ។

រថយន្តបង្កហេតុម៉ាក RANGE ROVER មួយគ្រឿងខាងលើនេះ មិនដឹងថាតៃកុងអ្នកបើកបរ ប្រុសឬមួយក៏ស្រី ដោយក្រុម ការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំពុំទាន់មានប្រភពណាមួយបញ្ជាក់ឲ្យដឹងច្បាស់នោះទេ។ ចំណែកឯស្លាក លេខរថយន្តនោះវិញ ក៏មិនដឹងជាពាក់ស្លាកលេខប៉ុន្មាននោះដែរ ។ ខណ:ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ លោកចុះមកដល់ទីតាំងកន្លែងកើតហេតុ ក៏មិនបានឃើញនោះទេ គ្រាន់តែមានការសង្ស័យរថយន្តបង្កហេតុ នេះពាក់ស្លាកលេខខេមរភូមិន្ទតែប៉ុណ្ណោះ ហើយរថយន្តនេះបានចតនៅចំពាក់កណ្តាលផ្លូវតែម្តង ដោយម្ចាស់បានចុះរត់គេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោលតែម្តង ហើយករណីនេះកម្លាំងសមត្ថកិច្ចជំនាញ ក៏កំពុងស្រាវជ្រាវស្វែងរក ម្ចាស់រថយន្តបង្កហេតុដើម្បីចូលខ្លួនបំភ្លឺហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះផងដែរ ៕

មតិយោបល់