ភ្នំពេញៈ ទូដែកដែលចោររឹតកសម្លាប់ប្លន់យកពីស្រ្តីទើប សម្រាលកូន២ខែកាល ពី១អាទិត្យមុនត្រូវបានបុរសជាកម្មករសំណង់ម្នាក់ប្រទះឃើញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងព្រៃឫស្សីមួយកន្លែង ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងខណៈដែលបុរសនោះចូលទៅបត់ជើងនៅក្នុងព្រៃខាងលើ បន្ទាប់មករាយការណ៍ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍កាកាបទៅយកមករក្សាទុកនៅប៉ុស្ដិ៍។
តាមប្រភព័ត៌មានបានឲ្យដឹងថា ទូដែកនោះជាទូដែកដែលបាត់ពីផ្ទះស្ត្រីកូនខ្ចីដែលបានស្លាប់នៅសង្កាត់កាកាប កាលពីអាទិត្យមុនទូនេះមានទម្ងន់ប្រមាណ១០០គីឡូក្រាម ដែលតាមការសន្និដ្ឋានក្រុមចោរ អាចមានគ្នាចាប់ពី២នាក់ឡើងទៅ ទើបអាចលើកទូដែកនោះ ដាក់លើរថយន្តឬម៉ូតូរួច។ ទូដែកនោះត្រូវបានចោរ គាស់ទម្លុះទម្លាយយកលុយនិង គ្រឿងអលង្ការសរុបជិត២ម៉ឺនដុល្លារអស់ហើយ ហើយក្រុមចោរទាំងនោះនៅតែបន្តគេចខ្លួនបាត់ស្រមោលដដែល។
បុរសជាកម្មករសំណង់ម្នាក់បាននិយាយថា មុនពេលប្រទះឃើញគាត់បានទៅរកបត់ជើងនៅក្នុងព្រៃនោះ ហើយពេលទៅដល់បានប្រទះឃើញមានទូដែកត្រូវបានគេ គាស់ទម្លុះទម្លាយខូចខាតអស់ហើយ ហើយនៅក្បែរនោះ ឃើញមានដែកត្រសេះសម្រាប់កាប់ គាស់១និងប័ណ្ណសម្គាល់រថយន្ត១សន្លឹកផងដែរ ទើបរាយការណ៏ ប្រាប់នគរបាលឲ្យទៅមើល នាំយកទូដែកនោះទៅរក្សាទុក។
ដែលនៅក្នុងទូដែកនោះ មានលុយចំនួន៧,២០០ដុល្លារ និង១០លានរៀល ព្រមទាំងខ្សែក មាស២ខ្សែទម្ងន់៤តម្លឹង,ខ្សែដៃមាស១តម្លឹង,ខ្សែកមាសកូនក្មេង២ខ្សែទម្ងន់១ជី,ចិញ្ចៀនពេជ្រ១វង់,ក្រវិល ពេជ្យ១គូ, រួមជាមួយឯកសារមួយចំនួនទៀត ដែលលសរុបគ្រឿងអលង្ការនិងលុយនោះជិត២ម៉ឺនដុល្លារ ហើយជនរងគ្រោះត្រូវបានឃាតកររឹតកសម្លាប់និងខ្សែនីឡុង ហើយបុរសជាប្ដីរបស់ជនរងគ្រោះក៏បានអះអាងថាបាត់ទូដែកនោះ។
គួររម្លឹកផងដែរថាហេតុការណ៏នោះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិចំការ ឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយ អ្នកដែលប្រទះឃើញសាកសពនោះ គឺជាកូនបង្កើតរបស់ជនរងគ្រោះ ក្រោយពេលដែលគេត្រឡប់មកពី សាលារៀនវិញ។
ស្រ្តីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ ទូច ម៉ារី អាយុ៣៣ឆ្នាំ មានកូនចំនួន៤ ហើយគាត់ទើបតែ សម្រាលកូនស្រីពៅទើបតែបានរយៈពេល២ខែប៉ុណ្ណោះ ហើយសព្វថ្ងៃស្នាក់នៅ ផ្ទះលេខ I -13 ក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប និងមានស្រុកកំណើតនៅក្នុងឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល៕
https://youtu.be/cvafOUwqZq4
មតិយោបល់