ព័ត៌មានជាតិ

ខឹងចិត្ត! មិត្តមិនទៅជួយវាយគូទំនាស់ យកឈើជ្រុងវាយប៉ោងភ្នែករបួសធ្ងន់

ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីផឹកស៊ីស្រវឹងខឹងបបួលមិត្តភ័ក្ដិឲ្យទៅជួយវាយគូទំនាស់ បែរជាមកវាយលើមិត្តភ័ក្ដិ បណ្តាលឲ្យរងរបួសខូចបែកភ្នែកម្ខាង កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។

ជនសង្ស័យឈ្មោះ ធី ទូច ហៅវែង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ុន ណាឃីន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ជាមួយគ្នា ស្នាក់នៅការដ្ឋានសំណង់ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកខូចភ្នែកស្តាំ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគេនិងជនសង្ស័យជាមិត្តភ័ក្ដិនឹងគ្នា ផឹកស៊ីនៅក្នុងការដ្ឋានសំណង់ហើយ ឆ្លៀតនាំគ្នាទៅចូលក្លឹបផឹកស៊ីបន្ត ពេលនោះដោយជនសង្ស័យមានទំនាស់ជាមួយអ្នកផ្សេងក្នុងក្លឹប ឃើញសភាពមិនស្រួល ក៏បបួលនាំវិលមកផ្ទះវិញ តែដោយសារជនសង្ស័យមិនអស់ចិត្ត បបួលឲ្យឌុបទៅរកវាយគូទំនាស់វិញ តែមិនព្រម បែរជាខឹងច្រឡោត ទាញបានឈើជ្រុងវាយមកលើមុខ បណ្តាលឲ្យត្រូវចំភ្នែក ភ្លាមៗត្រូវបានបងប្អូននាំទៅពេទ្យសិន លុះមកដល់ព្រឹកថ្ងៃទី២៨ ខែធ្នូនេះ ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនបង្កតែម្តង ។

តាមសម្តីជនសង្ស័យវិញ បានឲ្យដឹងថា ក្រោយពីផឹកស៊ីជុំគ្នារួច វិលមកដល់ការដ្ឋានសំណង់ ខឹងជនរងគ្រោះពេក ជ្រុលវាយតែម្តង ។

ករណីហិង្សាខាងលើ ក្រោយពីសមត្ថកិច្ចទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យដល់បន្ទប់ជួល រួចនាំទៅរកវត្ថុតាង (ឈើជ្រុង) និងនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការបន្ត៕

មតិយោបល់