ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យយុវសិស្សម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧​ ខែធ្នូឆ្នាំ២០២១​ វេលាម៉ោង ៥​និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយម៉ូតូ និងរថយន្តអូសខ្សែកាបកាត់ទទឹងផ្លូវទាញគ្នា នៅលើផ្លូវជាតិលេខ១០ ក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យយុវសិស្សម្នាក់ស្លាប់ នៅកន្លែងភ្លាមតែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក អឹមស្លេះ ពណ៌ខ្មៅ ពាក់ស្លាកលេខខភ.ព១DE-៧៩៨៧
បើកបរដោយឈ្មោះ ផន ភារិទ្ធ អាយុ ១៩ឆ្នាំ ខ្មែរ មុខរបរសិស្ស រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង បើកបរពីទិសខាងកើតទៅទិសខាងលិច ដោយពុំមានមួកសុវត្ថិភាពទេ លុះដល់ចំណុចកើតហេតុខាងលើ បានជិះទៅបុកជាមួយខ្សែកាបទទឹងផ្លូវដែលរថយន្តកំពុងអូសគ្នា បណ្តាលឲ្យជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកម្ចាស់រថយន្តទាំងពីរបានរត់គេចខ្លួនបាត់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលបានឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យនិងវាស់វែង​នៅកន្លែងកើតហេតុរួច បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី
រថយន្តទាំងពីរអូសខ្សែកាបកាត់ទទឹងផ្លូវដោយពុំបានដាក់សញ្ញាឲ្យគេដឹងមុន ទើបបណ្តាលឲ្យមានគ្រោះនេះកើតឡើង។
កម្លាំងសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង២ និងម៉ូតូ១គ្រឿង ត្រូវបានសមត្ថកិច្ចយើងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់