ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ មួយកន្លែងក្រោយការស្រាវជ្រាវបីសប្តាហ៍ដែលលួចបើកលេងយ៉ាងអនាធិបតេយ្យដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ ព្រមទាំងដកហូតមាន់ជល់ចំនួន ៣ក្បាល ក្នុងនោះងាប់មួយក្បាលនិងម៉ូតូចំនួន ៣គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងដីឡូតិ៍ទុកចោលក្រោមដើមពុទ្រា ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ។
សមត្ថកិច្ចអោយដឹងថា នៅក្នុងការចុះប្រតិបត្តិការនេះ គឺធ្វើឡើងដោយមានការសហការណ៍ជាមួយប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បានរាយការណ៍មកសមត្ថកិច្ចលោកអធិការខណ្ឌ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ឫស្សីកែវ និងកម្លាំងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ខាងលើ ដោយឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ព្រមទាំងដកហូតមាន់ជល់ចំនួន ៣ក្បាល ក្នុងនោះងាប់មួយក្បាលនិងម៉ូតូចំនួន ៣គ្រឿង ហើយកម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនមនុស្សទាំង ៥នាក់នោះមកកាន់អធិការខណ្ឌ ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ច បានបន្តថា មនុស្សទាំង ៥នាក់ខាងលើ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ សេង សុធី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប, ទី២-ឈ្មោះ ម៉ម តុលា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ បើកបររថយន្ត បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រ៦, ទី៣-ឈ្មោះ វី អះម៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កាប់គោ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ, ទី៤-ឈ្មោះ ម៉េត សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី៥-ឈ្មោះ នួន សុផលភក្តី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភំ្នពេញ។
បច្ចុប្បន្នមនុស្សទាំង ៥នាក់ខាងលើ រួចនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់