ព័ត៌មានជាតិ

អាមេរិក និងរុស្ស៊ី នឹងជួបមុខគ្នានៅខែក្រោយនេះ ដើម្បីជជែកពីសំណុំរឿងអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចូលរួមក្នុងកិច្ចសន្ទនាផ្នែកសន្តិសុខមួយ នៅថ្ងៃទី១០ ខែមករាខាងមុខនេះ ខណៈប្រទេសទាំង២ កំពុងពាក់មុខ យក្សដាក់គ្នាជុំវិញសំណុំរឿងអ៊ុយក្រែន។ នេះបើតាមអ្នកនាំម្នាក់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

ការប្រកាសពីព័ត៌មានខាងលើ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃអង្គារ ទី២៨ ខែធ្នូនេះបានទទួលស្គាល់ថាទីក្រុងម៉ូស្គូ មានផែនការពិភាក្សាពីសំណើពាក់ព័ន្ធនឹងបញ្ហាសន្តិសុខរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

រុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថាផងដែរថានឹងចូលរួមក្នុងកិច្ចប្រជុំជាមួយអង្គការ NATO នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំថ្នាក់តំបន់ពាក់ព័ន្ធជាច្រើនក្នុងនោះ រួមទាំងរុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

រុស្ស៊ីដែលត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះ
បានបញ្ចេញសេចក្តីព្រាងចរចាផ្នែកសន្តិសុខរៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO។ តែអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធា នៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន៕

ប្រភព៖ The Guardian

មតិយោបល់