ព័ត៌មានជាតិ

​កម្ពុជា-​ចិន​សហការបង្ក្រាបក្រុម​ឧក្រិដ្ឋជន​ ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ឃាត់ខ្លួន​ជនសង្ស័យ០​៩​នាក់​​ ​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ចំនួន​៩​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​និង​ចិន​ សហការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ និង​រឹបអូស​គ្រឿងញៀន​ជិត​៣៥០​គីឡូក្រាម​ រួម​ទាំង​ចាប់​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ​។​

​ការ​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ទាំងនេះ​ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​៥៥​នាទី​ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​១)​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ិន​ សុង​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ ម៉ាក់​ សេរី​វ​ឌ្ឍ​នា​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ទោ​ ហុង​ សុ​វ​ណ្ណា​រិ​ទ្ធ​ នាយការិយាល័យ ​(​ក​១)​ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ​និង​បច្ចេកទេស​ សមត្ថកិច្ច​គយ​កំពង់​ផែ​ព្រះ​សីហ​នុ​ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ស៊ិ​ត​ វណ្ណៈ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ដែល​ករណី​នេះ​ផ្ដើម​ចេញពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចិន​ ។​

បន្ទាប់​ពី​សមត្ថកិច្ច​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ជំនាញ​ហើយ​ ក៏​បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​៤​ខែ​ ទើប​ឈាន​ទៅ​បង្ក្រាប​ព្រមៗ​គ្នា​តែ​ម្តង​ ដោយ​សមត្ថកិច្ច​ចិន​ក៏​បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នៅ​ឯ​ប្រទេស​ចិន​ផង​ដែរ​។​

ជា​លទ្ធផល​ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ នៅ​២​គោលដៅ​ផ្សេង​គ្នា​ គឺ​គោលដៅ​ទី​១​ នៅ​ចំណុច​វីឡា​ភ្លោះ​លេខ​២១​ ផ្លូវ​លេខ​ R03​ កែង​ផ្លូវ​លេខ​ R07​ ស្តា​ផ្លា​ទី​នឹម​ បុរី​ប៉េង​ហួត​បឹង​ស្នោ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ និង​គោលដៅ​ទី​២​ នៅ​ចំណុច​ភោជនីយដ្ឋាន​អី​យិ​ន​ម៉ា​ថូ​វ​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ ​។​ ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ទាំង​៩​នាក់​រួម​មាន​ ៖​

១-​ឈ្មោះ​ ហ្វា​ង​ រុយ​ម៉ី​ង​ (HUANG​ RUI​ MING)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៦៣​ ជា​(​មេខ្លោង​)​។​
​ ២-​ឈ្មោះ​ លី​ អ៊ី​ណា​ន​ (LI​ YI​ NAN)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨៣​
​ ៣-​ឈ្មោះ​ ស៊ុន​ លៀង​ (SUN​ LIANG)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៧៩​
​ ៤-​ឈ្មោះ​ ស៊ុន​ ហា​យ​ថាវ​ (SUN​ HAI​ TAO)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨០​
​ ៥-​ឈ្មោះ​ ឡេវ​ វី​ឈិង​ (LIU​ WEI​ CHENG)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៦៩​ ។​
​ ៦-​ឈ្មោះ​ ឆឹ​ន​ ហ្សី​ឈាន់​ (CHEN​ ZHI​ QUAN)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៥៥​
​ ៧-​ឈ្មោះ​ វ៉ាង​ ឡី​ WANG​ LEI​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩០​
​ ៨-​ឈ្មោះ​ ហ្វា​ង​ យី​ (WANG​ YUE)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨២​
​ ៩-​ឈ្មោះ​ ស៊ូ​ ឆាវ​ប៉ី​ (ZHU​ XIAO​ FEI)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨២

​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖​ គ្រឿងញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន ​(ICE)​ សរុប​រួម​ទម្ងន់​ ៣៤៧​គីឡូក្រាម​ ៤២៧,៩៩​ក្រាម​ (​លាក់​ក្នុង​បំពង់​ដែក​ ៣៦៧​ដើម​ និង​៦១​កញ្ចប់​ធំ​)​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២​គ្រឿង​ និង​សម្ភារៈវេច​ខ្ចប់​មួយ​ចំនួន ​។​ ចាប់​យក​ទ្រព្យសម្បត្តិ​រួម​មាន​៖​

១/​រថយន្ត​១​គ្រឿង​ ម៉ាក​ TOYOTA​ ALPHARD​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BE-2973
​ ២/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA​ PCX​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ ភ្នំពេញ​ 1FE-5946
​ ៣/​ទូរស័ព្ទ​ដៃ​ ចំនួន​ ១០​គ្រឿង​
​ ៤/​ប្រាក់​ ៣០០​ ដុល្លារ​អា​មេ​រិ​ក​។​

សូម​បញ្ជាក់​ថា​៖​ “​ ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ បាន​រៀបចំ​បញ្ជូន​បំពង់​ដែក​មក​កម្ពុជា​ ហើយ​លួច​ច្រក​គ្រឿងញៀន​ បម្រុង​បញ្ជូន​តាម​ផ្លូវ​សមុទ្រ​ទៅ​ប្រទេស​ទី​៣”​ ។​

​បច្ចុប្បន្ន​ ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ទាំងនេះ​ ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​បន្ត​តាម​នីតិវិធី ​៕

មតិយោបល់