(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅចំពោះមុខការបារម្ភថារស្ស៊ីអាចនឹងប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំក្រោយនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Emily Horne បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះថាលោក បៃដិន និងលោក ពូទីន នឹងពិភាក្សាគ្នា ពីបញ្ហាជាច្រើន ក្នុងនោះរួមមានកិច្ចចរចាសន្តិសុខ និងភាពតានតឹងក្នុងតំបន់អឺរ៉ុប។
សហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានគេរាយការណ៍ថានឹងបើកកិច្ចប្រជុំ ស្ដីពីបញ្ហាសន្តិសុខ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ ហើយជំនួបបន្តបន្ទាប់រវាងរុស្ស៊ី និងអង្គការ NATO អាចនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា ព្រមទាំងជំនួបរវាងទីក្រុងម៉ូស្គូ ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប នៅថ្ងៃទី១៣ ខែមករា។
ដោយឡែក នៅពេលត្រូវបានសាកសួរពីជំនួបរវាងលោក បៃដិន និងលោក ពូទីន ខាងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងខ្លីថាជំនួបរវាង មេដឹកនាំទាំង២ គ្រោងនឹងធ្វើឡើងនៅល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ជំនួបនេះធ្វើឡើងតបតាមសំណើរបស់លោក ពូទីន៕
ប្រភព៖ Reuters
មតិយោបល់