ព័ត៌មានជាតិ

សង្ស័យបើកម៉ូតូលឿនជ្រុល ទើបបុកជាមួយរថយន្តកុងតឺន័ររបួសធ្ងន់ ៣នាក់

ភ្នំពេញ: រថយន្តដឹកទូកុងតឺន័រ ១គ្រឿង បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងពេញទំហឹង ក្នុងខណ:កំពុងបើកបរធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ ៣នាក់រងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិសុក្រំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ព្រំប្រទល់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

រថយន្តដឹកទូកុងតឺន័រខាងលើនោះម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-7679 ជារថយន្តដឹកជញ្ជូនBTS បើកបរដោយបុរសមិនស្គាល់ឈ្មោះ។ ចំណែកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-8792 ហើយជនរងគ្រោះទាំង ៣នាក់ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូជិះគ្នា ៣នាក់ បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ៣នាក់ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូស្ថិតនៅក្រោមរថយន្ត។
ក្រោយពេលកើតហេតុនគរបាលបានចុះទៅធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយបន្តតាមនីតិវិធី៕

មតិយោបល់