រថយន្តធំ ២គ្រឿង បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល ៤នាក់

ស្ទឹងត្រែងៈ នៅវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធំ ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៩ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ៖
១/ឈ្មោះ ឃូល ឡុងគាតូច ជាអ្នករួមដំណើរជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានបានស្លាប់នៅនឹងកន្លែងកើតហេតុ។
២/ឈ្មោះ ភាជ ឌីណា ភេទប្រុស អាយុ ២៤ឆ្នាំជាអ្នករួមដំណើរជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-3597 អ្នកបើកបរឈ្មោះ ភាជ ចាន់រ៉ា រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
រថយន្តម៉ាក វេអង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0726 អ្នកបើកបរឈ្មោះ រ៉ុន រឿន ជាអ្នកបើកបរ រងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តទាំង ២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តហ៊ីយ៉ាន់ដាយធ្វើដំណើរពីកើតទៅលិច និងរថយន្តវេអងធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាតយ៉ាងដំណំ មនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលតែម្ដង។

មូលហេតុ៖ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ត្រូវបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *