ព័ត៌មានជាតិ

ជនជាតិចិ​នបើកបរក្នុងស្ថានភាពស្រវឹងស្រា បុករះរថយន្តជាច្រើនគ្រឿងរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត HILLIX VIGO មួយគ្រឿង ក្នុងល្បឿនលឿនឡើងសួនឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលបុករះរថយន្តចតស្ងៀម ជាច្រើនគ្រឿង រងការខូចខាត ស្ថិតតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក HILLIX VIGO មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-0686 បើកបរតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ។ ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងសួនឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុករះរថយន្តជាច្រើនគ្រឿង ដែលបានចតស្ងៀមនៅមុខមន្ទីរពហុព្យាបាល និងសម្ភពព្រហ្មវិហារ រងការខូចខាត ។ ភ្លាមៗនោះ តៃកុងរថយន្តបង្កព្យាយាមបើករត់ទៅមុខតែបន្តទៀត ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់បាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់