ព័ត៌មានជាតិ

ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ព្រមានម្ចាស់រថយន្តដឹកដី ថ្ម គ្រួស ខ្សាច់ ជ្រុះរាយប៉ាយលើដងផ្លូវ

ភ្នំពេញ: ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានធ្វើការព្រមានចំពោះអ្នកបើកបរថយន្តដឹកដី ថ្ម គ្រួស ខ្សាច់ ជ្រុះរាយប៉ាយលើដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណ: ពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ឲ្យដឹងថា លោកយល់ស្របតាមមតិដែលលើកឡើងថា ប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ ពិសេសវិស័យសំណង់ ដែលធ្វើឲ្យតម្រូវការវត្ថុធាតុដើមដូចជាដី ថ្ម គ្រួស ខ្សាច់កើនឡើង ប៉ុន្តែការដឹកជញ្ជូន និងវេចខ្ចប់ នៅមិនទាន់គោរពតាមច្បាប់នៅឡើយ។ យ៉ាងណាមិញ លោកថា បើទោះបីមន្រ្តីមានសមត្ថកិច្ចបានចុះអប់រំ និងពិន័យនៅលើដងផ្លូវ ទីតាំងរណ្តៅដី និងដេប៉ូលក់ក៏ដោយ ក៏បងប្អូនអាជីវករ ក៏ដូចជាអ្នកបើកបរមួយចំនួន មិនព្រមអនុវត្តតាមច្បាប់ឡើយ។

ជាក់ស្តែង ក្នុងប្រតិបតិ្តការល្បាតចល័តត្រួតពិនិត្យរយ:ពេល៣ថ្ងៃ ដែលដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេធិការក្រសួងរ៉ែ និងថាមពល ព្រមទាំងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់រថយន្តចំនួន២០គ្រឿង បិទទីតាំងរណ្តៅដីចំនួន៤កន្លែង ដេប៉ូលក់ចំនួន២កន្លែង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដូច្នេះដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហានេះ លោកឧត្តមសេនីយ៍នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយឃាត់រថយន្តទុកតាមមាត្រា៥៦ មាត្រា៥៧ និងមាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងដកហូតប័ណ្ណបើកបរក្នុងករណីមិនរាងចាល។

ជាមួយគ្នានោះ លោក រុន រ័ត្នវាសនា និងក្នុងនាមប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ ក៏សូមអំពាវនាវដល់បងប្អូនអាជីវករដឹកដី ថ្ម គ្រួស ខ្សាច់ ចូលរួមគោរពច្បាប់ស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល៕

photo_2016-08-20_11-28-34

photo_2016-08-20_11-28-37

photo_2016-08-20_11-28-45

photo_2016-08-20_11-28-48

photo_2016-08-20_11-28-43

មតិយោបល់