ព័ត៌មានជាតិ

Update៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំង! បុរសអ្នករត់ម៉ូតូឌុបម្នាក់ ស្លាប់ក្នុងបន្ទប់ជួលហើមស្អុយទៅហើយទើបដឹង

ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង រហូតធំក្លិនស្អុយទៅហើយទើបអ្នកជិតខាងដឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅក្នុងបន្ទប់លេខ៣ ជាន់ទី១ផ្ទះជួលស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើពុំត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះគាត់ស្នាក់នៅក្នុងបន្ទប់ជួលនោះតែម្នាក់ឯង ប៉ុន្តែអ្នកជិតខាងតែងហៅគាត់ថា«តាម៉ូតូឌុប» ហើយពុំទាន់ដឹងថា គាត់ស្លាប់ដោយសារខ្យល់គរ ឬជំងឺអ្វីឡើយ។

តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា កន្លងមកជារៀងរាល់ថ្ងៃ តែងតែឃើញបុរសរងគ្រោះក្រោកពីព្រឹក ចេញទៅរត់ម៉ូតូឌុបរហូតដល់ល្ងាចទើបវិលត្រឡប់ទៅផ្ទះជួលវិញ។ ប៉ុន្តែរយៈពេលប្រហែល ២ថ្ងៃចុងក្រោយនេះ ស្រាប់តែបាត់មិនឃើញគាត់ចេញក្រៅសោះ តែពុំមាននរណាបានចាប់អារម្មណ៍ថាគាត់ស្លាប់នោះទេ ស្មានថាគាត់រវល់ទៅណា។

ប្រភពដដែលបានបន្តថា លុះដល់ថ្ងៃកើតហេតុបានធំក្លិនស្អុយចេញពីក្នុងបន្ទប់គាត់ អ្នកជិតខាងក៏នាំគ្នាបើកទ្វារមើល ស្រាប់តែប្រទះឃើញគាត់ស្លាប់ហើមស្អុយបាត់ទៅហើយ។ ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ ដើម្បីបានដឹងថា បុរសនេះស្លាប់ដោយសារតែអ្វីឲ្យពិតប្រាកដ ព្រមទាំងស្រាវជ្រាវរកសាច់ញាតិទៅទទួលយកសាកសពធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់