ព័ត៌មានជាតិ

ចិន បិទខ្ទប់ទីក្រុងមួយមានប្រជាជនរស់នៅជាង ១.២លាននាក់ ក្រោយរកឃើញកូវីដ-១៩ ចំនួន ៣ករណី

(ប៉េកាំង)៖ ប្រជាជនច្រើនជាង ១លាននាក់នៅក្នុងទីក្រុងមួយស្ថិតនៅភាគកណ្តាលប្រទេសចិន ត្រូវបានដាក់ឱ្យនៅវិធានការបិទខ្ទប់ នៅថ្ងៃអង្គារ ទី០៤ ខែមករា នេះ ក្រោយករណីឆ្លងជំងឺ COVID-19 មិនចេញរោគសញ្ញា ៣ករណីត្រូវបានរាយការណ៍។

អាជ្ញាធរនៅក្នុងទីក្រុង យូចូវ (Yuzhou) នៃខេត្ត Henan ដែលមានប្រជាជនប្រហែល ១.១៧លាននាក់កំពុងរស់នៅ បានប្រកាសពីការចេញវិធានការបិទខ្ទប់ ដែលបានចូលជាធរមានកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយការតម្រូវឱ្យប្រជាជនទាំងអស់ស្ថិតនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាល COVID-19។ ការប្រកាសបិទខ្ទប់ទីក្រុង Yuzhou ក៏នឹងត្រូវអនុវត្តផងដែរលើសេវារថយន្តក្រុង និងតាក់ស៊ី, ផ្សារទំនើប, សារមន្ទីរ និងទីកន្លែងទេសចរណ៍នានា រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។

អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារនេះដែរបានប្រកាសពីការរកឃើញ ករណីវិជ្ជមាន COVID-19 ចំនួន ១៧៥ករណីថ្មីទៀត នៅក្នុងនោះមាន៥ករណីត្រូវបាន រាយការណ៍ចេញពីខេត្ត Henan ភាគកណ្តាលប្រទេស និង ៩៥% នៃករណីឆ្លងថ្មីៗនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុង Xi’an នៃខេត្ត Shaanxi (Shaanxi) ដែលស្ថិតនៅក្នុងការបិទខ្ទប់ជិត ២សប្តាហ៍មកហើយ។ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់២រូប នៃគណបក្សកុម្មុយនិស្ដចិន ក្នុងទីក្រុង Xi’an ត្រូវបាន បណ្ដេញចេញពីតំណែង ដោយសារពួកគេបរាជ័យក្នុងការគ្រប់គ្រងការឆ្លងរាល COVID-19៕

ប្រភព៖ Reuters

មតិយោបល់