បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមកករា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ស្មងជើងចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុថ្មពួកបានឲ្យដឹងថាជនដៃដល់ឈ្មោះម៉ន រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះជា សាម៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ទាំង០២នាក់ជាមិត្តភក្តិនឹងគ្នានៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថាតាមការសាកសួរចម្លើយពីជនដៃដល់និយាយថាពួកគេទាំង២នាក់ជាមិត្តភក្តិនឹងគ្នា។នៅមុនពេលកើតហេតុគេបានបបួលជនរងគ្រោះមកផឹកស៊ីនៅផ្ទះរបស់ខ្លួនដោយស្រវឹងខ្លាំងជនរងគ្រោះបានដេកលក់ខណៈនោះរូបគេបានយកដែកស្បែងទំហំមុខកាត់ប្រហែល២០លីនិងប្រវែង៦០សង្ទីម៉ែត្រវាយចំជើងជនរងគ្រោះចំនួន០៣ដងបណ្តាលអោយបាក់ស្មងជើងខាងឆ្វេង។ជនដៃដល់បន្តថាមូលហេតុដោយសារតែខ្លួនខឹងនឹងជនរងគ្រោះបានលួចបន្តោងខ្សែរករូបព្រះធ្វើអំពីប្រាក់កាក់របស់ខ្លួនជាច្រើនលើកច្រើនសារ។
លោកវរសេនីយ៍ទោឈឿន គឹមឈុន បានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនដៃដល់អនុវត្តតាមនិតិវិធី។ចំណែកជនរងគ្រោះបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពបឹងត្រកួនតែដោយរបួសធ្ងន់ធ្ងរបានបន្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក៕
មតិយោបល់