ព័ត៌មានជាតិ

រថយន្តព្រូស ២គ្រឿង បើកលឿនបុកគ្នាពេញទំហឹង រួចជ្រុលទៅបុកហាងមួយកន្លែង ដែលកំពុងជួសជុលរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១និង៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ មានករណីរថយន្តព្រូស ២គ្រឿងបើកលឿនដូចគ្នា បានបុកគ្នាពេញមួយទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៨កែង១៣៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-0301 បើកបរដោយបុរសម្នាក់។
រថយន្តព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5912 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តព្រូសពណ៌ទឹកប្រាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៨ ពីកើតទៅលិចក្នុងល្បឿនលឿន ខណ:ពេលនោះក៏មានរថយន្តព្រូសមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៣ ពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នា ស្រាប់តែមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជាបួន ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តព្រូសពណ៌ទឹកប្រាក់ ជ្រុលទៅបុកចូលហាងមួយកន្លែង ដែលកំពុងធ្វើការជួសជុលរងការខូចខាត ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំង ២ធ្វើការសម្របសម្រួលគ្នា ប៉ុន្តែចរចាគ្នាមិនត្រូវ កម្លាំងជំនាញក៏ធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់