ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតឡើងសួនច្បារបុកបង្គោលភ្លើង

ភ្នំពេញៈ នៅវេលាម៉ោង០១និង០០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តឡិចស៊ីស RX300 មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងទៅបុកបង្គោលភ្លើងមួយដើមបាក់ដួលដល់ដី ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-3835 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរ បើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះបានរេចង្កូតទៅខាងឆ្វេងដៃ ស្រាប់តែជ្រុលបុកសួនច្បារ ពុះចែកទ្រូងផ្លូវ និងបង្គោល ភ្លើង បណ្ដាលឲ្យបាក់ដាច់ដួលដល់ដី រងការខូចខាត ។ ចំណែកឯរថយន្តបាន ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំផងដែរ ។

នៅក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយ ៕

មតិយោបល់