ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤៥នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសស្រវឹងម្នាក់បើកបររថយន្តម៉ាក FORTUNER មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកផ្លូវក្រោមដី ស្ពានអាកាស៥មករា បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ស្ថិតត្រង់ចំណុចច្រកចូលផ្លូវក្រោមដី ស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវ លេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-6266 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តជ្រុលចង្កូតបុករបាំងថ្មពុះចែកផ្លូវ ចូលក្រោមដីស្ពានអាកាស៥មករាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច តែករណីនេះមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។
នៅក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយជាបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់