ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តធុនធំបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខក្លោងទ្វារវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ ជិះម៉ូតូប្រភេទកូនទាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3498 ធ្វើដំណើរស្របទិសមកពីក្រោយ បានបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូផ្លោងជិត ១០ម៉ែត្ររងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមភ្លាម។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែង និងរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់