ព័ត៌មានជាតិ

រថយន្តដឹកអុសមួយគ្រឿង បើកលឿនដាច់ជន្ទៀសមុខ រេឡើងទ្រូងផ្លូវក្រឡប់ផ្ងារជើង

ភ្នំពេញៈ រថយន្តដឹកអុសមួយគ្រឿងបើកលឿនដាច់ជន្ទៀសមុខ រេចង្កូតឡើងខឿនទ្រូងផ្លូវក្រឡាប់ផ្ងារជើង ធ្លាក់អុសរាយពេញផ្លូវ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ចំណុចសួនលក់ផ្កា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តខាងលើពាក់ស្លាកលេខ ព្រះសីហនុ 3A-1309 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៦
ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគួរសម លុះមកដល់ចំកើតហេតុ ស្រាប់តែរថយន្តដាច់ជន្ទៀសមុខ បណ្តាលឲ្យរេចង្កូតមកឆ្វេងដៃឡើងខឿនទ្រូងផ្លូវក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ឯអុសធ្លាក់រាយប៉ាយពេញផ្លូវ និងបណ្តាលឲ្យរលំដើមឈើមួយដើម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន មកសម្រួលចរាចរណ៍ស្ទូចរថយន្ត និងហៅភាគីខាងរថយន្តដោះស្រាយមុននិងអនុញាតិឲ្យត្រឡប់ទៅវិញ៕

មតិយោបល់