ព័ត៌មានជាតិ

ករណីឃាតកម្ម ទំនាស់ពាក្យសម្តី រឿងចូលបន្ទប់ទឹកយូរ វាយបួនដំបង បណ្តាលឲ្យស្លាប់

បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គរជុំធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព​វាយសម្លាប់បុរសម្នាក់ទៀត ដោយសារខឹងស្ដីបន្ទោសរឿងចូលបន្ទប់ទឹកយូរ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៨​ព្រឹក​ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ នៅចំណុច​ភូមិ​រាជជន្ទល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿយ អឿយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ចំណែកជនដៃដល់ឈ្មោះ ផាន់ សូយ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ នៅ​ភូមិកើត​ហេតុ​ខាងលើ មុខរបរកម្មករ​។​

តាមរបាយការណ៍បានបញ្ជាក់ថា នៅ​ម៉ោង​៤​និង​៥០​នាទី​រសៀលថ្ងៃ​កើតហេតុ ជនដៃដល់​ជា​ឃាតក​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គរជុំ ឃាត់ខ្លួន​ពេល​រត់គេចខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​វាយ​សម្លាប់​បុរស​ម្នាក់​នៅ​ចំណុច​ភូមិ​រលំ ឃុំ​ស្រែ​ខ្វាវ ខាងត្បូង​កន្លែងកើតហេតុ​ប្រមាណ​៤​គីឡូម៉ែត្រ​។​

ក្រោយសាកសួរជនដៃដល់បាន​សារភាពថា រូប​ខ្លួន​ពិតជា​បាន​យក​ដំបង​ឈើ​វាយ​សម្លាប់​ជនរង​គ្រោះពិតប្រាកដ​មែន​ ដោយសារ​ជនរងគ្រោះខឹង​ខ្លួន​និងស្ដីបន្ទោសឲ្យ​រូបគេ រឿង​ចូល​បន្ទប់ទឹក​យូរ ហើយពេលខ្លួន​ចេញពី​បន្ទប់ទឹក​ ជនរងគ្រោះ​បាន​ទាញ​ដំបង​ឈើ​រក​វាយ​មកលើ​រូប​ខ្លួន ទើប​ខ្លួន​ទាញ​​ដំបង​ឈើ​ជ្រុង​ប្រវែង​ប្រហែល១០០​សង់ទីម៉ែត្រ វាយតប​ទៅលើ​ជនរងគ្រោះ​ចំនួន​៤​ដំបង (​ត្រូវ​ក្បាល​១​ដំបង​និង​ស្មា​០៣​ដំបង​)​។​

ក្រោយចាប់ខ្លួនជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យ​ជំនាញ​​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់៕

មតិយោបល់