ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ បើកកាត់មុខរថយន្តកុងតឺន័រ បុកដួលគាបជាប់ក្រោមកង់ រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥៣ នាទីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកបរម៉ូតូ មួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1I-8635 ជិះឆ្លងផ្លូវកាត់មុខរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខ ប.មានជ័យ 3A-1679 ជ្រុលបុកដួលគាបជាប់ក្រោមកង់រថយន្ត បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្ត មន្ទីរពហុព្យាបាលនិងសម្ភពម៉ាលីសបុត្រ ដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ នៅទល់មុខម្តុំ ការ៉ាស់សាំង CPP ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ នាវេលាម៉ោង០៨និង៥៣នាទីយប់ ប្រជាពលរដ្ឋបានឃើញរថយន្តកុងតឺន័រ មួយគ្រឿង បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ នៅម្តុំទល់មុខការ៉ាស់សាំង CPP មួយកន្លែង ។ ខណៈពេលនោះដែរ អ្នកបានឃើញហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ បើកឆ្លងផ្លូវកាត់មុខរថយន្តកុងតឺន័រកំពុងតែបើកបរនោះ បានជុ្រលល្បឿនបុកម៉ូតូ ជនរងគ្រោះដួលចូលគាបជាប់ក្រោមកង់រថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍ភ្លាមៗនោះ គេក៏បានឃើញរថយន្តសាមុយមួយគ្រឿង របស់មន្ទីរពហុព្យាបាលនិងសម្ភពម៉ាលីសបុត្រ បានធ្វើដំណើរ ចេញមកដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯជនរងគ្រោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនូវឡើយនោះទេ ។ ជនរងគ្រោះភេទប្រុស មានអាយុ ប្រហែលជាង៣៥ឆ្នាំ ។ បើបងប្អូនណាបានស្គាល់សាច់ញាតិជនរងគ្រោះ សូមប្រាប់ពួកគាត់ឲ្យបានដឹងផង ។

នៅក្រោយពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេឃើញវត្តមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ក៏ដូចជាកម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការគ្នាចុះមកដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកលោកក៏បានពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងខាងសងចូលខ្លួនដោះទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ។

សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រោយពេលកើតហេតុតៃកុងម្ចាស់រថយន្តកុងតឺន័រ បានដាក់មេប្រូចគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នក បើកបរថយន្តកុងតឺន័រនោះ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់