ព័ត៌មានជាតិ

ហាយប្រ៊ីតបុកជាមួយកូរេដឹកទំនិញ បណ្តាលឲ្យក្រឡាប់ផ្ងារជើងភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកូរេដឹកទំនិញបុកជាមួយកាមរីហាយប្រ៊ីត បណ្តាលឲ្យរថយន្តកូរេក្រឡាប់ផ្ងារជើងទាំងថ្ងៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០១១ កែងច្រកចូលចម្ការព្រីង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកាមរីហាយប្រ៊ីត ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-9919 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុមានរថយន្តកូរេដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-9532 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចផ្លូវបំបែកបានបុកគ្នា បណ្តាលឲ្យរថយន្តកូរេក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកដល់ទីតាំងកន្លែងកើតហេតុ និងឲ្យស្ទូចរថយន្តដាក់អែបកៀន ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន៕

មតិយោបល់