ឆាម្រះព្រៅក្នុងរូបមន្ត ដែលខុសប្លែកពីគ្នា អាចបញ្ជាក់បានពីការនិយមចូលចិត្តក្នុងរសជាតិរបស់មនុស្សម្នាក់ៗបាន…អ្នកខ្លះចូលចិត្តសាច់គោចំណិតៗ ឆ្ងាញ់ ១ម៉ាត់ៗ ឬអាចចូលចិត្តស្លឹកម្រះព្រៅ និងដាក់ម្ទេសក្រៀមឈ្ងុយៗ តែអ្នកគ្រូ ស.សមចិន្ដា ជឿថាមនុស្សជាច្រើន ចូលចិត្តមុខម្ហូបឆាម្រះព្រៅ ដែលមិនមានបន្លែផ្សេងណា មកបន្ថែមបរិមាណ មិនថាតែ ឆាម្រះព្រៅសាច់គោ ឆាម្រះព្រៅសាច់ជ្រូក ឬសាច់ផ្សេងទៀតក៏ដោយ ក្រៅពីម្ទេសស្រស់ និងខ្ទឹមសហើយ ក៏មានបន្លែតែ ១មុខគត់ ដែលដាក់ចូលទៅ នោះគឺស្លឹកម្រះព្រៅក្លិនក្រអូបៗហ្នឹងឯង…ថ្ងៃនេះ អ្នកគ្រូ ស.សមចិន្ដា ចង់បបួលបងៗស្ត្រីមេផ្ទះ មកធ្វើឆាម្រះព្រៅសាច់គោចិញ្ច្រាំ ដោយវិធីងាយៗ តែឆ្ងាញ់ហោះ សាកមើលម្ដង…។
គ្រឿងផ្សំ ឆាម្រះព្រៅសាច់គោចិញ្ច្រាំ
-សាច់គោចិញ្ច្រាំ ៣ខាំ
-ស្លឹកម្រះព្រៅស្រស់ៗ ១ក្ដាប់
-ខ្ទឹមស ២កម្ពឹស
-ម្ទេសអាចម៍ចាប (ច្រើន-តិច) តាមចំណង់ចំណូលចិត្ត
-ប្រេងខ្យង ២ស្លាបព្រាបាយ
-ស្គរ ទឹកត្រី (ផ្អែម-ប្រៃ) តាមការចូលចិត្ត
វិធីធ្វើ ឆាម្រះព្រៅសាច់គោចិញ្ច្រាំ
១-បុកខ្ទឹមស និងម្ទេសអាចម៍ចាបឱ្យបែក ក្នុងចន្លោះពេលហ្នឹង ដាក់ខ្ទះឆាលើភ្លើង និងចាក់ប្រេងឆាចូល ឱ្យរួចជាស្រេច
២-ដាក់ខ្ទឹមស និងម្ទេសបុកនោះចូល ឆាជាមួយប្រេងឆា រហូតដល់ឈ្ងុយ (ឱ្យខ្ទឹមឡើងពណ៌លឿង)
៣-ដាក់សាច់គោចិញ្ច្រាំចូលទៅ ឆាជាមួយម្ទេស និងខ្ទឹម រហូតសាច់បែកចេញពីគ្នា និងឆ្អិន…មិនចាំបាច់ដាក់ទឹកអ្វីចូលទាំងអស់ តែបើអ្នកណាខ្លាចខ្ទះខ្លោចបាត អាចចាក់ទឹកចូលបន្តិចបាន
៤-ដាក់រសជាតិ ដោយប្រេងខ្យង ស្ករ ទឹកត្រី រួចភ្លក្ស តាមរសជាតិដែលចូលចិត្ត អ្នកណាចូលចិត្តផ្អែម ក៏ថែមស្ករ…
៥-ប្រេងខ្យង នឹងជួយឱ្យសាច់គោឡើងសើម ទន់ តែបើអ្នកណាមិនសូវចូលចិត្ត អាចដាក់បន្តិចបន្តួចក៏បាន តែនឹងបានឆាម្រះព្រៅសាច់គោចិញ្ច្រាំ រាងស្ងួតៗបន្តិចហ្នឹងឯង
៦-ឆាត្រឡប់ចុះឡើង រហូតរសជាតិចូលគ្នាសព្វហើយ ទើបដាក់ស្លឹកម្រះព្រៅចូលទៅ បន្ទាប់ពីនោះ ចូរយកគម្របឆ្នាំង មកគ្របខ្ទះ ទុកចោល ១ភ្លែត ហើយបិទភ្លើង មុននឹងឆាត្រឡប់ចុះឡើង ឱ្យចូលគ្នា (ធ្វើបែបហ្នឹង នឹងជួយឱ្យឈ្ងុយស្លឹកម្រះព្រៅ កាន់តែខ្លាំងឡើង)
៧-ពេលនេះ រួចហើយចា៎ស!! ឆាម្រះព្រៅសាច់គោចិញ្ច្រាំ ដែលចង់ញ៉ាំយូរហើយ…
៨-ចាត់ចែង ដួសស្រូបពីលើបាយ ដាក់ក្នុងប្រអប់ សម្រាប់អាហារពេលថ្ងៃត្រង់ មិនចាំបាច់ចេញទៅញ៉ាំខាងក្រៅ នាំតែប្រឈមនឹងការឆ្លងកូវីដ…ហ្អ៎! ទទួលទានជាមួយស៊ុតស្ងោរ រឹតតែឆ្ងាញ់ហោះឡើងថែមទៀត!!
មតិយោបល់