រតនគិរីៈ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ អាជ្ញាធរខេត្តរតនគិរី បានធ្វើការអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់នៅទូទាំងខេត្ត ធ្វើការបញ្ជូនកូនៗទៅសាលាឲ្យបានគ្រប់គ្នា ព្រោះកុមារជាទំពាំងស្នងឫស្សីរបស់ជាតិ។
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរជុំវិញខេត្ត ដៃគូរសង្គមស៊ីវិលក្នុងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង២០០០នាក់។
ឆ្លៀតឱកាសនោះ លោក ថង សាវុន ក៏បានអំពាវនាវដល់ក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ ទៅចុះឈ្មោះចូលរៀន ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។ លោកបានផ្ដាំផ្ញើឲ្យក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងធ្វើជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ ហើយត្រូវតែចៀសវាងឲ្យឆ្ងាយពីអំពើឧបាយមុខគ្រប់ប្រភេទ។
លោក ថង សាវុន៖ «បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែនាំមិត្តភក្តិឲ្យជៀសឆ្ងាយពីគ្រឿងញៀន»៕
មតិយោបល់