ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាខិលខូចក្នុងមូលដ្ឋាន និងប្រើសារធាតុញៀនម្នាក់

តាកែវៈ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រ.ហ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២និង១៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញយុត្តិធម៌ស្រុក ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ធ្វើការកំណត់ទីតាំងនៅចំណុចផ្លូវលំ ស្ថិតនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អេល ឡោ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានយកអាវុធកែច្នៃប្រើហ្គាស ធ្វើសកម្មភាពភ្ជង់ទៅលើ ជនរងគ្រោះឈ្មោះ ម៉ៃ ធា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ក្នុងខណៈពេលជនរងគ្រោះកំពុងជិះរថយន្តរបស់ខ្លួននៅលើដងផ្លូវ ដោយជនសង្ស័យបានភ្ជង់ស្រែកអោយឈប់ ហើយគេបានប្រើពាក្យសំដីថា បាញ់បំបែកក្បាល ក្រោយកើតហេតុ បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា៖ ជនខាងលើគឺជាមុខសញ្ញាខិលខូចក្នុងមូលដ្ឋាន ហើយក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនទៀតផង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់