ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ មានករណីធ្វើអោយខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ និងប្រើប្រាស់នូវសារធាតុញៀនចំនួន ០១ករណី នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យមានឈ្មោះ អេត ភារម្យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន បានយកកាំបិតខ្វេវមកកាប់ជញ្ជាំងផ្ទះស័ង្កសីបណ្ដាលឱ្យខូចខាតធ្ងន់ ។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ អេត ប្រុស ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពេលសមត្ថកិច្ច បានសួរនាំរួចបានឱ្យដឹងថា ជនសង្ស័យខាងលើ បានខឹងជនរងគ្រោះមិនព្រមមកវាស់ព្រំដី ដាច់ស្រេចជាមួយគ្នា ទើបជនសង្ស័យយកកាំបិតទៅកាប់ជញ្ជាំងផ្ទះជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់