ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៣ឆ្នាំ២នាក់ត្រូវជាបងប្អូនភ្លោះ បាននាំគ្នាចុះទៅលេងទឹកទន្លេមេគង្គលង់ស្លាប់

ក្រចេះ: ក្មេងប្រុសអាយុ៣ឆ្នាំ២នាក់ជាបងប្អូនភ្លោះ បានស្លាប់ក្នុងហេតុការណ៍លង់ទឹកទន្លេ ករណីនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលានៅចំណុចទន្លេមេគង្គភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

សពកុមារារងគ្រោះទី១.ឈ្មោះ ម៉ី សោទី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ។ សពកុមារាជនរងគ្រោះទី២. ឈ្មោះ ម៉ី សោទ្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ កុមារាទាំងពីរជាបងប្អូនភ្លោះនឹងគ្នា មានឪពុកឈ្មោះ សាយ ម៉ី អាយុ៤៣ឆ្នាំនិងម្ដាយឈ្មោះ វង សុខណា អាយុ២៨ឆ្នាំ ជាកសិកររស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

អំពីរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើឈ្មោះ សាយ ម៉ី ចេញពីផ្ទះទៅលក់បន្លែ ទុកអោយប្រពន្ធឈ្មោះ វង សុខណា លក់អីវ៉ាន់នៅផ្ទះដែលមានកូនប្រុសចំនួនពីរនាក់ឈ្មោះ ម៉ី សោទី និង ឈ្មោះ ម៉ី សោទ្រី នៅផ្ទះជាមួយ ។ ពេលនោះដោយសារតែរវល់តែលក់អីវ៉ាន់ (បន្លែ) ឈ្មោះ វង សុខណា ពុំបានចាប់អារម្មណ៍មើលកូន ។ ស្រាប់តែកុមារាទាំងពីរនាក់បងប្អូន នាំគ្នាចុះទៅលេងទឹកទន្លេនៅក្រោយផ្ទះ ចម្ងាយប្រហែល៥០ម៉ែត្រលង់ស្លាប់ទាំងពីរនាក់តែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល ចុះទៅពិនិត្យសាកសពក្មេងរងគ្រោះទាំងពីរនាក់បងប្អូនភ្លោះខាងលើ ។ បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកទន្លេមេគង្គពិតប្រាកដមែន ហើយបានប្រគល់ទៅឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់