ក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសង្កែ និង បាត់ដំបង បានចុះយកសំណាក និង ស្រាវជ្រាវចំពោះអ្នកពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron)នៅយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ។
ក្នុងនោះបើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ លោកបានទៅដល់ទីតាំងនៅភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្រាវជា្រវអ្នកដែលពាក់ព័ន្ធ ប៉ះពាល់ជាមួយករណីវិជ្ជមានអូមីក្រុង លើជនជាតិស្វីសចំនួន ០២ នាក់ ដែលគាត់បានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង។
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងរូបនេះបានបន្តទៀតថា ៖ «ពេលនេះ គឺក្រុមការងារស្រាវជ្រាវអ្នកដែលពាក់ព័ន្ធបឋម បានចំនួន ០៩ នាក់ ហើយអ្នកដែលបើកកាណូត ជាអ្នកដែលរស់នៅខេត្តសៀមរាប ទើបក្រុមការងាររាយការណ៍ជូនខាងខេត្តសៀមរាបធ្វើការហើយ ខណៈនៅទីនេះ យើងតាមដានស្រាវជ្រាវបន្តទៀត នូវអ្នកដែលពាក់ព័ន្ធនឹងអូមីក្រុង ហើយក្រុមការងារនឹងយកសំណាកទាំងយប់បន្តទៀត ដើម្បីបញ្ជាក់ថាមានប៉ះពាល់ ឬ មានវិជ្ជមានដោយប្រការណាមួយ»។
បន្ថែមលើសពីនេះ លោកបានបញ្ជាក់ទៀតថា ៖ «បន្ទាប់មក យើងអាចនឹងយកសំណាកនេះបញ្ជូនទៅវិទ្យាស្ថាប៉ាស្ទ័រ នៅពេលព្រឹកព្រលឹម ដើម្បីធ្វើការញែក ឱ្យដឹងថាវាជាប្រភេទអាល់ហ្វាធម្មតា ឬដែលតា ឬ អូមីក្រុង ដើម្បីតាមដាន និង ចាប់ឱ្យជាប់ការឆ្លងអូមីក្រុងនៅក្នុងសហគមន៍ ជាពិសេសនៅក្នុងខេត្តបាត់ដំបង»៕សូមទស្សនាវីដេអូនៅខាងក្រោម ៖
មតិយោបល់