ព័ត៌មានជាតិ

បុរសសន្តិសុខម្នាក់ដើរឆ្លងកាត់ផ្លូវ ត្រូវរថយន្តហ្វតបុកបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមការងារអង្គភាពសារព័ត៌មាន Post News បានចុះ មកធ្វើបទសម្ភាសន៍ជាមួយសាច់ញាតិជនរងគ្រោះ ករណីគ្រោះចរាចរណ៍ រថយន្តហ្វត ពណ៌ស មួយគ្រឿង បើកបរបុកបុរសសន្តិសុខ ម្នាក់បណ្តាលឲ្យស្លាប់ សពយកមកតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ យោងតាមប្អូនជនរងគ្រោះបានថ្លែងរៀបរាប់ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរឆ្លងកាត់ផ្លូវ ត្រូវរថយន្តម៉ាកហ្វត ពណ៌ស មួយគ្រឿង បើកបរបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។ បន្ទាប់មក បានដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរចរណ៍នេះ នៅវេលាម៉ោង ១២និង០០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ចៅ យ៉ាន់ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាសន្តិសុខ មានស្រុកកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ ។ បច្ចុប្បន្នជនរងគ្រោះគ្មានប្រពន្ធនិងកូនក្នុងបន្ទុកនោះទេ ។

សពជនរងគ្រោះត្រូវបានរថយន្តដឹកយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯវត្តសំបួរមាស ។ ប្អូនបង្កើតជនរងគ្រោះ ក៏បានអំពាវនាវ ដល់សប្បុរសជនមេត្តាជួយជាថវិកាដើម្បីធ្វើបុណ្យសព អាចទំនាក់ទំនងតាមលេខទូរស័ព្ទផ្ទាល់៖ ០១១ ២៦២០៣០ និង០៦៧ ២៣២០៧៨ ។

ប្អូនជនរងគ្រោះបានបន្តឲ្យដឹងទៀតថា សូមសំណូមពរដល់កម្លាំងសមត្ថកិច្ចនគរបាល ជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនម្ចាស់រថយន្តបង្ក ហេតុដែលបើករត់គេច យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់